វង្វេងក្នុងភពហើយ
…ខ្ញុំកំពុងវង្វេងក្នុងភពនេះហើយ…តើអ្នកណារកឃើញផ្លូវហើយរឺនៅ…សូមមេត្តាជួយនាំប្រាប់ខ្ញុំផង…
បទព្រហ្មគិត
និពន្ធដោយ៖ ហ៊ាង កុល្លិយុគ្គ
០១ វង្វេងវិលតាមខ្យល់ គិតមិនដល់ឋាននៃលោក
តណ្ហាមេឃាវាយោគ រុញជះផ្សារដោតអោយព្រឺ។
០២ រាយគ្រប់មន្តយុទ្ធសិល្បិ៍ ប្រាស់រអិលលឿនហួសទៅ
ថ្លែងថាយ៉ាងណានៅ អាគមសាស្រ្តអើយអាបៀន។
០៣ អៀនរៀនគឺមិនចេះ តលតំរិះឆ្គួតវីវៀន
ប្រយុទ្ធដាច់ភ្នែកលៀន ទន្ទេញអាបៀនគាថា។
០៤ សិល្បិ៍មន្តមានបទច្រើន រំលឹកកើនគ្រូអាចារ្យ
ទេវតាបិសាចបា ធីតាយក្សាព្រហ្មលោក។
០៥ សិស្សដាច់ចេញកកូក រត់ប្រលូកប្រណាំងឈ្ងោក
រញ្ជួយឋានសុខសោក បោកបក់គ្រប់ឋានក្សានត្រាណ។
០៦ ស្តាប់មន្តយុទ្ធប្រវតិ្ត ហាក់បើកមាត់ឃាតមិនបាន
អូ៎…ខ្លាំងណាស់ទេវឋាន យក្សកាច់សាមាណប្រាណធំ។
០៧ ស៊ីមនុស្សសត្វក្នុងលោក កាច់កបោកទំពារដុំ
ឈាមបាញ់បែកចែកក្រុម មនុស្សាស្រែកយំព្រួយភ័យ។
០៨ ទឹកភ្នែកឈាមដាមដក់ អ្នកខ្លាំងហក់បុណ្យបារមី
លកដោះទុក្ខញ៉មញី កើតផុតបាត់ភ័យព្រោះអង្គ។
០៩ អវតាទេវលោក ផ្តល់ជ័យជោគស្រោចស្រង់់
ជិវិតសង្ខារបង់ រួសចាកទុក្ខទាំងពួងអើយ។
១០ អារក្សខ្មោចបិសាច ក្លៀវកក្លាខ្លាចអំនាចត្រើយ
ងងឹតមិនយល់ឡើយ ព្យាបាទយើងហើយប្រយ័ត្ន។
១១ សំលេងគំរង់ស្អុយ គ្មានប្រថុយគេចចេញបាត់
សែនព្រេនវេចខ្ចប់ស្ងាត់ សោកចេញបាត់បាបសុខសាន្ត។
១២ ស៊ីសាច់ឈាមឆ្អិនស្រស់ ថ្វាយទាំងអស់មិនហ៊ានខាន
អោយតែវាមានចាន ដាក់ស៊ីបានស្វែងអោយអស់។
១៣ គិតទៅវាឡូយតើ យកជណ្តើរឆ្គួតមកសោះ
ឆ្លងបានគ្រប់គ្មានទាស់ គេអោយស្រស់ៗស៊ីឆ្ងាញ់។
១៤ ស៊ីទៅមិនយូរធម៌ សិល្បិ៍ជំហរបារមីផ្ចាញ់
ឋានលោកពពកខ្មាញ់ ចាញ់ដោយសំណាញ់ព្រះធម៌។
១៥ សូត្រកាន់រៀនហ្វឹកពត លំបាកលុតទុក្ខកំរ
ប្រកាន់យកល្អស្មោះស មិនចង់មានតណ្ហា។
១៦ ស្លាប់ទៅគេថាកើត មានកំណើតចេញពីក្តារ
តាមលួចពួនរក្សា ថែរអស់គ្រួសារញ្ញាតិជុំ។
១៧ មិនដឹងទៅនរក វិលលង់លក់វិលគំនុំ
ចង់ចាំប្រមូលផ្គុំ គំគួនចាំរកខុសត្រូវ។
១៨ អ្នកធ្វើខុសកុំសើច ប្រែសំណើចយំឥឡូវ
ព្រោះថាគេតំរូវ ចាំអ្នត្រូវទទួលល្អ។
១៩ នរលមានច្រើនណាស់ មានចាកប្រាស់ផុតលោកដ៏
ធំឃើញទុក្ខបុណ្យស ខ្មៅច្រវ៉ាក់កចាំទៀត។
២០ មានឋានណាលោកនេះ មានដូច្នេះស្ទើរឥតម្សៀត
គ្មានពេលនឹងចង្អៀត ពួកចោលម្សៀតត្រូវទាក់ក។
២១ វណ្ណៈយមរាជចារ សូរិយាព្រឹក្សាត
សំពង់រឺកាត់ក ខ្លះភ្លើងអង្វរលានឆ្នាំ។
២២ អ្នកខ្លះមិនចង់ជាប់ ក្រោយពេលងាប់ស៊ូត្រូវចាំ
សាងធម៌គុណផ្ដែផ្តាំ ក្រែងរួចទុក្ខបានសួគ៌។
២៣ រៀនសូត្រតាមសាសនា គ្រូអាចារ្យមន្តជាគ្នា
តមនេះតមនោះមិនពារ រួចផុតវេលាទៅបាន។
២៤ ឆ្ងល់ទេក្នុងភពនេះ កើតពីព្រោះយ៉ាងណាឋាន
មានសាសនាដឹកឡាន ជឿមួយណាទើបត្រឹមត្រូវ?
២៥ មានទេពមានកូនបុត្រ ខ្លះសម្លុតអោយធ្វើត្រូវ
ដាច់ខាតធ្វើឥឡូវ បើមិនចង់ត្រូវវេទនា។
២៦ កម្មពារនឹងមកដល់ យើងត្រូវខ្វល់រួចផុតជា
បើស៊ូទាំងអស់គ្នា តើកម្មពារនរកអ្វី?
២៧ ខ្លះសាងតែអាត្មា អូសកម្មការចាកប្រុសស្រី
មិនបង្ខំសក្ខី លួងលោមដឹកថ្លៃឃើញល្អ។
២៨ ញ្ញាណទេពកើតពីណា ញ្ញាណវិចារជាអំណរ
រស់ត្រូវស្រាយរកស ប្រឹងត្រដរសាងទៅមុខ។
២៩ គុណបំណាច់នឹងធ្វើ ស្របទង្វើរវាយចូលលុក
ខុសត្រូបែងចែកទុក្ខ សុខសាន្តបានជាគំរូរ។
៣០ អ្នកក្រោយប្រឹងតស៊ូ ស៊ូមិនយូរមិនរអូរ
រួចចាកនឹងកម្មធូរ ស្រាលតំណរកូនចៅ។
៣១ ទ្រឹស្តីជាខែលរឹង កែសន្ធឹងចុចគោលដៅ
កែច្នៃបានពូថៅ រួចចាកស្ទុះទៅជោគជ័យ។
៣២ យើងមានមួយអាត្មា ស្លាប់យ៉ាងណារស់មានភ័យ
មុនផុតស៊ូវក់វី រុំដោះរិះរកធម៌ត្រូវ។
៣៣ ហាត់រៀនក្បាច់មួយណា បក្សទេវតាមនុស្សស្កូវ
ស្វែងយល់ជួបឥឡូវ មិនបាច់ត្រូវតាមបង្ខំ។
៣៤ ស្វែងយល់គុណទន់ភ្លន់ ហ្វឹកទំងន់ផ្សាំរៀនចំ
ចារទុកចំណាំខំ គ្រឹះស្ថានឧត្តមគតិ។…
!!!…អ្វីៗគួរតែយើងខ្លួនឯងទេ ដែលជាអ្នកចាប់ផ្តើមស្វែងរក…!!!
ទីក្រុងតាខ្មៅ ០៥៖៥៥ល្ងាច ថ្ងៃទី ២០ មករា ២០១០
និពន្ធ៖ ហ៊ាង កុល្លិយុគ្គ
និពន្ធ៖ ហ៊ាង កុល្លិយុគ្គ
No comments:
Post a Comment