រង្វង់ហត្ថាព្រះម៉ែខ្ញុំ
បទពាក្យ៧ និពន្ធដោយ៖ ហ៊ាង កុល្លិយុគ្គ
០១ ធម្មជាតិអើយស្រស់ខ្យល់ត្រជាក់ គ្រាប់ពន្លកលាក់លូតលាស់ថ្មី
ភិរុណបង្អុលជូនសក្ខី បង្កើតទ្រឹស្តីខ្សែជិវិត ។
០២ រុក្ខជាតិសត្វលោកមានពូជផៅ ដោតដាំបំបៅបង្កាត់ពិត
តពូជវិញ្ញាណប្រាណគំនិត ហាក់ឆ្លងដាមដិតលោហិតញ្ញាតិ។
០៣ ខ្ងុំធំខ្ញុំកើតលូតជិវិត ក្រិតក្រមទៀងស្ថិតមានចិត្តមាឌ
ការពិតឃើញស្តែងមិនអាចឃ្លាត គ្មានអី្វវិវាទនឹងគុណមាតា។
០៤ និស្ស័យធ្ងន់គ្មានអ្វីនិងស្ទើរ នេះជាជណ្តើរមិនអាចលន់
លោភៈគ្មានគុណដឹងទំងន់ ចំាបាច់ត្រូវគុណទទួលយក។
០៥ ខ្លួនប្រាណសាច់ឈាមទឹកដោះថ្លៃ លើសពេជ្រចរណៃមិនអាចលក
ពីក្រិតកំរិតស្មើរនឹងមក អោយកូនបានជ្រកមានជិវិត។
០៦ មាតាមហាធំភ្នំក្រុម មេឃាទាំងដុំជាចំណិត
ឆ្ងាយដាច់ស្រលាស់មិនអាចស្ថិត ស្មើរមួយចំណិតគុណមាតា។
០៧ កសាងជិវិតរួមស្នេហ៍ស្និត ទទួលទុកចិត្តថែរបុត្រណា
ពរពោះស្ពាយយករាល់កិច្ចការ ធានារក្សាជិវិតថ្លៃ។
០៨ យូរខែយូរថ្ងៃទ្រាំលំបាក មានក្រតោកយ៉ាកតែពេកក្រៃ
គោរពស្ញប់ស្ញែងផ្តល់តំលៃ មាតាកែខៃលុះប្រសូត្រ។
បទកាកគតិ
០៩ បើកភ្នែករកភព យំសើចថ្ងៃយប់ អ្នកថែររហូត
នោមអាចមិ៍មិនស្តី ស្រដីស្លូតបូត លួងលោមខ្លាចឆ្កូត
ស្នាមកាយបុត្រា។
១០ យ៉ាប់ហើយនូវឆ្លៀត ច្រៀងបំពេរទៀត រួមរាល់កិច្ចការ
សប្បាយមិនណាយ ក្អាកក្អាយវិចារ សំណប់មាតា
ណាកូនស្ងួនម្តាយ។
១១ បង្ហាត់បង្រៀន តាមគ្រប់របៀន ទាំងមិនរឹងកាយ
បបោសអង្អែល ជាខែលមិនណាយ ឃ្លាតទីណាឆ្ងាយ
ពីកូនមាសថ្លៃ។
១២ ក្រឡាប់អើតងើប រប៉េសរពើប ក្នុងរង្វង់ដៃ
ថ្នមកាយថ្នមចិត្ត បង្ខិតកែច្នៃ បង្ហាត់ចរណៃ
តាមពេលវេលា។
១៣ អង្គុយតេសតាស់ ប្រយ័ត្នខ្លាំងណាស់ គន់មើលពេលវារ
ទៅមុខថយក្រោយ បណ្តោយតែរារ រារឆ្ងាយមាត់ទ្វា
ក្រែងស្ងួនធ្លាក់ត្រូវ។
១៤ សើចស្រែកញុំាៗ ភ្នែកវៃរង់ចាំ ញុំាមិនស្គាល់ស្រូវ
ប្រយ័ត្នណាកូន អាអូនស្លាក់ត្រូវ ញុំាំនេះទៅពៅ
ទើបល្អប្រពៃ។
១៥ ឈរតោងរញ៉រ សាកមើលលៗ ផុតចេញពីដៃ
អុកគូទមិនភ័យ វាសវៃកូនថ្លៃ ស្ទុះទ្ររម៉ៃ
ម៉ែកូនអាវ៉ា!
១៦ ប្រយ័ត្នណាស្ងួន ដដែលផ្ទួនៗ រឺងពឹងខ្លាំងក្លា
ឈានជើងទៅមុខ មើលលុកក្អាកក្អារ ក្បែរកាយមាតា
ការពារកក់ក្តៅ។
១៧ រប៉េះរប៉ុប និយាយលេសឡុប ប្រឹងថាសំដៅ
ខ្លីៗតិចៗ ជូនលេចលឺហៅ តាមពាក្យប្រដៅ
សំដីតន់ភ្លន់។
១៨ យករៀនថាតាម ប្រយោគជាដាម ស្នាមជនគយគន់
យល់កើតមនុស្ស សត្វលុះពេកពន់ មាតាកូនធ្ងន់
ប្រសើរលោកា។
១៩ អ្នកណាអាចកាត់ ថ្លៃមិនបាំងបាត់ ល្អករុណា
ពាក្យថាពាក្យស្តី ចាស់ថ្មីប្រាថ្នា អោយកូនសុខ
ប្រដៅថ្លៃថ្នូរ។
២០ មេត្តាគ្រប់ពេល វិញជារង្វេល ចង់ចិត្តពេលថ្ងូរ
លំបាករកម្តាយ ជិតឆ្ងាយសព្ទសូរ រងំហែហូរ
ពេញញ្ញាណសោតា។
២១ សច្ចះគុណធម៌ រួមគួចលំអរ ពីចិត្តមាតា
បង្ហើយបង្ហាញ មិនគ្រាញពេលណា ទុកជាកេរ្តិ៍ការណ៍
ជូនកូនអស់ហើយ។
២២ ទោះធំចិត្តកាយ តែគាត់មិនស្តាយ សន្ថិតជិតត្រើយ
បារម្ហលំបាក ក្រែងចាកគ្មានស្បើយ កូនសម្លាញ់អើយ
ចូលខំគ្មាគ្មី។
២៣ ពេលមានលំបាក ជួនគាត់មិនស្រាក លាក់ទុកមិនស្តី
ក្រែងកូនបារម្ហ អារម្មណ៍បាត់ក្តី តស៊ូលើដី
សង្គមជិវិត។
២៤ ខំទៅកូនអើយ ម៉ែគ្មានអ្វីឡើយ ជូនស្ងួនអោយស្ថិត
ជោគជ័យវាសនា ប្រាថ្នាការពិត សាមគ្គីការពិត
អានាគតខ្លួន។
២៥ ពួនមិនចង់បាន អ្វីពីកល្យាណ អោយតែមានបួន
ស្លាប់មិនស្តាយឡើយ កូនអើយក្នុងខ្លួន ម៉ែមានតែបួន
ចង់ដៃកូនថ្លៃ។
២៦ កូនយល់ហើយម៉ែ កូនមិនភ្លេចដែរ ទឹកចិត្តតំលៃ
មាតាបវរ ផុតល្អប្រពៃ មិនអោយកែច្នៃ
បំភ្លៃគុណចេះ។
២៧ ទឹកដោះទឹកភ្នែក ទោះឈាមដាបមេឃ ក៏កូនមិនឡេះ
យកគុណដ៏បូរ ច្រកហូរតំរេះ មិនអោយរបេះ
ចាកពីបេះដូង។
២៨ កូនធ្លាប់ឆ្លងកាត់ ត្រជាក់ទីស្ងាត់ មិនខ្លាចទេរូង
តែខ្លាចបាត់អ្នក ខ្លាចធ្លាក់ចូលឈូង អោយអ្នករងម៉ូង
កម្មព្រោះកូនថ្លៃ។
២៩ សូមស្រែកទទួល អោយគ្រប់ឋានឆួល ដឹងពីតំលៃ
ថាខ្ញុំយល់ហើយ ផ្តល់ត្រើយប្រពៃ ដល់អ្នកម្តាយវៃ
រួចទុក្ខព្រោះកូន។
៣០ កម្មកាច់ទង្វើរ សុទ្ធជាអំពើរ ចិញ្ចឹមជាក្បួន
អោយកូនបានរស់ បានឆ្ពោះស្ទុះលូន ចាកចេញពីសូន្យ
សាបប្រសើរថ្មី។
៣១ អស់សត្វទេវតា យក្សាមនុស្សា ទាំងប្រុសទាំងស្រី
ត្រូវយល់ពីគុណ ដ៏ធ្ងន់ព្រះស្រី ម្ជាស់នៃសក្ខី
មាតាលោកា។
៣២ កុំរមើលគុណ ព្រោះវាសែនធ្ងន់ គ្មានអ្វីពារការ
ធរណីមិនទ្រ មេឃឈរផ្កាប់ផ្ងារ អគ្គីចំណារ
ចារជារន្ទះ។
៣៣ ធ្លាក់ទៅនរក ជាទីជំរក ដេកត្រាំក្នុងខ្ទះ
សំណរពុះក្តៅ រន្ធដៅធំខាស់ សមុទ្រជាខ្ទះ
រាប់កប្បលានឆ្នាំ។
៣៤ គ្មានអ្នកស្រង់ស្រោច រស់កើតអសោច វេសនាគួរចាំ
គ្រប់គ្នាយល់ច្បាស់ ព្រមម្ជាស់ចំណាំ ទុកកត់បណ្តាំ
នៃគុណមាតា។
ទីក្រុងតាខ្មៅ១០: ៣៥ Pm ថ្ងៃទី
២០ មករា ២០១០
និពន្ធ៖ ហ៊ាង កុល្លិយុគ្គ
តើចាំបាច់ត្រូវធ្វើអោយដល់ពេលវេលាដែលត្រូវធ្វើរឺ
ចំាបាច់ដល់ពេលវេលាត្រូវធ្វើទើបត្រូវទ្វើ?
ព្រះណាដែលធំ?ព្រះណាដែលជុំ?ព្រះណាដែលជិត?
ព្រះណាដែលពិត?
គឺ
!!!!ព្រះម៉ែខ្ញុំ!!!!
No comments:
Post a Comment