យុវជនខ្មែរប្រែកាយ
បទកាកគតិ
និពន្ធដោយ៖ ហ៊ាង កុល្លិយុគ្គ
០១ ឈាមស្រក់តក់ៗ ទឹកភ្នែកមក់ៗ ប្រកាច់ដាច់ខ្យល់
ស្លាប់តកន្ទុយ សត្វរុយមិនខ្វល់ ឆ្កែស្មានសំណល់
ខំនោមចែងដាក់។
០២ លើកដៃទាញ់ថង់ ហិតប្រឹងរញ៉ង់ ដៃរាវទាំងខ្វាក់
ខ្វិនចិត្តខ្វិនកាយ មិនសាយស៊ូចាក់ ឃ្លានច្បាំងបាយដាក់
ត្រូវតែបានស៊ី។
០៣ នរកមិនចាំ បាច់ដល់ខែឆ្នាំ កើតមកជួប Free
ដេកតាមក្បែរថ្នល់ មិនខ្វល់ពីភ័យ រដ្ឋមិនយកទី
ផាស៊ីជននេះ។
០៤ មិនខ្ចីបង់ពន្ធ ទឹកភ្លើងនាំធ្ងន់ ឯកសារចំនេះ
ចេះមិនបាច់រៀន អាភៀនតំរេះ លូកចូលគឺចេះ
ចេះក្ស័យសង្ខារ។
០៥ យ៉ាម៉ាក្រវី ចាស់ក្មេងវក់ស៊ី ស៊ីលង់សង្ខារ
អាយុកាត់ឃើច ឈសើចរកផ្កា ត្រិះរិះតណ្ហា
ប្រាថ្នាក្មេងវ័យ។
០៦ ពេជ្រម្សៅហ៉េរ៉ូ អ៊ីនគ្រាប់មីនពោរ ពេញរួមរឹតភ័យ
អាសាច់អាឈាម ចិត្តយាមយកជ័យ មិនក្រែងចិត្តជី
តាញ្ញាតិគ្រួសារ។
០៧ អាំហ្វេតាមីន ខ្លាំងហើយវាស្រ៊ីន រូបមន្តសង្ហា
យ៉ាម៉ាទឹកកក ចិត្តកកដាច់ផ្ញារ ស្លាប់មិនបាច់ក្តារ
កញ្ឆារស្រវឹង។
០៨ បារីថាថ្លៃ អាយុសង្ខ័យ ថ្លៃអីមិនដឹង
បឺតឡើងលឿងភ្នែក ជ្រួញស្បែកតូចស្លឹង ក្អក់ខេះកំប្រឹង
ទៅមុននាទី។
០៩ ស្រាបៀរកេះផស់ ឈ្ងុយឆ្ងាញ់អស់ទោះ ស្រវឹងគេលី
ស្រាសុទ្ធស្ពឹកវិល រអិលវក់វី ស្រែករោរិ៍រកទី
អោយញ្ញាតិគេដឹង។
១០ ប៉ូលីសខំអត់ ស្រវឹងខំទាត់ ប្រមាទអោយខឹង
ចង់ខ្លាំងកាប់ចាក់ ច្រវ៉ាក់ទើបប្រឹង ថាខ្លួនមិនរឹង
ជាងឃ្នោះប៉ូលីស។
១១ ផ្លូវអោយរលោង គ្មានទេខេងខូង ម្តេចបានជាជិះ
កង់មួយទំាងហ្វូង សក់ជ្រោងវិតវិស លោកអាចារ្យជិះ
Chally ត្រុកៗ។
១២ អញជិះម៉ូតូ មិនមែនជិះគោ រោរិ៍ដូចភ្លេង Rock
មិនចំាបាច់ស្នែង រុលត្បែងសំរុក កញ្ចក់ដោះទុក
គ្រាន់មើលមុខសិន។
១៣ បិតលាបប្តូរម៉ូត កង់តាន់ចង្កូត ស្រួលស្ទុះស្រួលកិន
ស្ទុះវ័តដួលផឹង ខុសដឹងដើមភិន មើលប្រតិទិន
ថ្ងៃសំរាកសុក្រ។
១៤ មួកមិនបាច់ប្រើ អញជិះគ្រាន់បើ ប្រើវានំាស្មុក
សក់អញម៉ូតស្អាត នាំខាតអផ្សុក ភ្លុកកុំសំកុក
ចាំដុតខ្មោចវា។
១៥ អាកាលីបអន់ ឯងតាមមិនទាន់ ឪអញស្តុកណា
ឡាន
Sport ទំនើប លូនងើបធីតា ឆក់ស្នេហ៍កញ្ញា
លកលេងកំសាន្ត។
១៦ ខំរៀនវិជ្ជា ប្រពៃណីនា ស្វាស់ស្វែងចង់បាន
ស្រើបស្រាល់កាមគុណ ភ្លេចធ្ងន់បងប្រាណ មាតាខំាខាន់
អប់រំរក្សា។
១៧ ទឹកភ្នែកសំកុក លុះបាត់អផ្សុក ឃ្វៀននូវនឹងថា
ហក់លោតលើសដើម កើបកើមរោគអា* អូយ*ព្រួយសង្ខារ
ក្ស័យទាំងវ័យក្មេង។
១៨ ឡូតូរត់ទៅ ទាញ់ភ្នែកក្បាលនៅ លួងអូនកុំគេង
យកប្លង់បញ្ចាំ ម៉ោងប្រាំចាំអេង ភ្ញាក់ឡើងដឹកក្មេង
នាំអេងតាមផ្សារ។
១៩ អាខ្លះដល់ ក នឹងត្រូវត្រដរ ស៊ូផ្សងមួយក្តារ
ក្តារឆក់ក្តារប្លន់ ចាប់ទាន់កត់ត្រា រដ្ឋបានចែងចារ
គុគរាប់ខែឆ្នាំ។
២០ ចូលមុខចេញក្រោយ លែលបបណ្តោយ នូវចង់នូវចាំ
តណ្ហាងើបឡើង រកកើងចង់ផ្តាំ ចេញគុគលោតខាំ
រំលោភខុសការ។
២១ បន្ទោសមិនភ្លឺ សាម៉ារៃភ្លឺ ឆ្អិនព្រឺជាងខ្លា
សស្ញាច់មុតណាស់ ផ្តាំចាស់ប្រាប់ថា អាចផ្តាច់សង្ខារ
ក្សិនក្ស័យតៃហោង។
២២ កាំភ្លើងជាតិផ្ទុះ គេហាមដាក់ចុះ ការពារស្រោចស្រោង
ឥឡូវដាវផ្លែក ល្អពេកមិនតោង បង្កកម្មកោង
វីវក់សង្កម។
២៣ កាប់ទៅកាប់មក ដូចចិត្តពពក ភាពយន្តសែនសម
កូនខ្មែរខ្លះល្ងង់ អួតគង់រងចំ កាយដាច់លុតដំ
ស្លាប់ខ្លះគុគខ្លះ។
២៤ អាក្មេងកំហូច ចាស់កាងវាខូច អាងកុងឪច្បាស់
ខ្សែអញធំណាស់ បំរាស់ក្រលាស់ ច្បាប់អីនឹងប្រាស់
ពារឈ្នះពូជយើង?
២៥ ស្រុកយើងដល់ ក ទេវតាអង្វរ លាន់លឺច្បាស់ឡើង
សើររើររុករក លីលកលើកថ្កើង និតិរស់កើង
យល់គ្រប់រាស្ត្រច្បាស់។
២៦ ប្រមុខរដ្ឋឆ្លាត ប្រឹងរិះសំអាត អោយដាច់ស្រលាស់
អោយងារជើងល្អ ដៃ ក ក្រលាស់ ឃ្នោះមិនបំរាស់
ទំនើងអាក្រក់។
២៧ អស់ខ្សែអស់ពូជ អាក្តាប់ប៉ិនខួច ដែលធ្លាប់កខ្វក់
កកូកកាយ អោយប្រាយភាពល្អក់ កាត់កោរច្រិបសក់
ចាំគ្រប់សន្តាន។
២៨ ថាឋានស្រុកនេះ គ្មានទេវិតវិស ព្រោះនិតិបាន
ចង់ត្រើយលើស្ពាន មិនខានភ្លេចក្សាន្ត កាន់កាប់ខ្ចប់ប្រាណ
បាត់ល្ងង់ឆឆក់។
២៩ កូនខ្មែរប្អូនអើយ សន្តិភាពហើយ រួមសុខក្តៅកក់
អភិវឌ្ឃន៍ខ្មែរ ពូកែមិនង៉ក់ វង្វែងអោយឆក់
ដូចជនពាលព្រៃ។
៣០ វៀរចាកមកល្អ អោយចិត្តស្មោះស គំរូប្រពៃ
ខ្មែរពូជអ្នកជា អស់គ្នាមិនភ័យ ជាតិសាសន៍ដទៃ
ប្រែគោរពយើង។
៣១ ជាតិខ្មែរថ្លៃណាស់ គ្រប់សាសន៍យល់ច្បាស់ រៀនសូត្រតាមឡើង
ពីខ្មែរយើងចេះ ចំនេះរួមថ្កើង សាមគ្គីរុងរឿង
រឿងខ្ពស់តំលៃ៕
……ប្រវត្តិសាស្ត្រជាគំរូនៃការធ្វើត្រាប់…!…
មនុស្សដែលពូកែធ្វើត្រាប់គឺជាមនុស្សពូកែយល់នូវភាពជាពិតយ៉ាងឆាប់រហ័ស…!…
ប្រវត្តិសាស្ត្រនៅតែត្រូវបន្ត ជិវិតនៅតែត្រូវវិនាស……!
ទីក្រុងតាខ្មៅ ១១: ៤៥ pm ០៩…មករា…២០១០
និពន្ធ៖ ហ៊ាង កុល្លិយុគ្គ
No comments:
Post a Comment